href=”https://kapsystem.files.wordpress.com/2010/01/monk-khmer-rouge.jpg”>
កាលដើមឡើយនៅខ្ញុំជាកូនសិស្សលោក និងជាកូនសិស្សសាលា ខ្ញុំនៅវត្តតាំង ពីខ្ញុំអាយុបាន៧ឆ្នាំម្លេះ ហើយអាយុបាន១៤ឆ្នាំ ចង់បួសដោយសារងាយស្រួល ក្នុងការសិក្សារៀនសូត្រ ដោយសារនឹកឃើញថា បួសរៀនចំណេញជាង ដោយវត្តលោកជួយឧបត្ថម្ត ទីសេនាសនៈនិងគ្រឿង ឧប្បភោគបរិភោគ ស្ទើរតែគ្រប់យ៉ាងទាំងអស់ គឺយើងមានតែកម្លាំងកាយចិត្ត ដើម្បីរៀនតែ ប៉ុណ្ណោះ ។ នៅពេលនោះខ្ញុំបានពិតទូល លោកពូខ្ញុំថាខ្ញុំចង់បួស និងពិតទូលលោកគ្រូ ចៅអធិការវត្ត និងព្រះសង្ឃដែលស្គាល់គ្រប់ព្រះអង្គ រួចហើយលោកពូខ្ញុំបានាំខ្ញុំ ទៅសុំច្បាប់ មេឃុំ ដោយសារខ្ញុំនៅក្មេង មិនទាន់គ្រប់អាយុធ្វើទាហាន មេឃុំគេក៏ចេញច្បាប់អោយខ្ញុំបួស ហើយស្បង់ចីពរមិនចេះខ្វះ មិនបាច់ទិញទេ គ្រាន់តែលោកអោយប្រើមិនអស់ ហើយបួសនោះទៀត ក៏ចំឡែក ដោយមិនមាន គ្រហស្ថទេ គឺមានសុទ្ធតែលោកសុទ្ធ ។ លុះបួសបាន៧ថ្ងៃ លោកគ្រូខ្ញុំខ្វះឈ្មោះ លោក ទៅប្រឡងធម្មវិន័យថ្នាក់ត្រី ក៏ខ្ញុំបានសម្រេចចិត្ត ទៅប្រឡងនឹងគេទៅ ដោយបានរៀនបន្តិចបន្តួច កាលនៅជាកូនសិស្សលោក តែដល់តែទៅប្រឡងជាប់ ស្រាប់តែល្បីឈ្មោះថារៀនពូកែរ ហើយគណកម្មការអាចារ្យ គាត់បាននិមន្ត ខ្ញុំអោយទៅ ធ្វើជាគ្រូបង្រៀនក្មេង នៅសាលារៀនរដ្ឋ តែខ្ញុំមិនព្រមដោយសារ ខ្លួននៅក្មេងពេកហើយកូនសិស្ស ភាគច្រើនសុទ្ធតែធ្លាប់ស្គាល់គ្នា ធ្លាប់ប្រលែង គ្នាលេងរាល់ថ្ងៃ ធ្វើគ្រូម៉េចទៅ មិនធ្វើទេ គេថាអោយប្រាក់ខែដូចគ្រូ ធម្មតាដែរ គឺនៅតែមិនព្រម តែខ្ញុំបានប្រគល់តួរនាទីនេះ ទៅអោយលោកគ្រូជាងគំនូរ ដែលមានវ័យចំណាស់២៤ព្រះវស្សាធ្វើ លោកក៏ទទួលបង្រៀនទៅ ។ល។ ប្រហែលជា មួយខែក្រោយមក លោកពូខ្ញុំ បានហៅអោយខ្ញុំទៅ ជួយច្រូតស្រូវជីដូន នៅពេលនោះហើយ ដែលខ្ញុំបានជួបប្រទះនិង យន្តហោះទម្លាក់ គ្រាប់បែក ភ័យចង់លួសព្រលឹង ។ ប្រហែលជាមួយ អាទិត្យក្រោយមក ស្រាប់តែឮសូរថា អ្នកស្រុកនិងជីដូនខ្ញុំត្រូវការ ផ្លះប្តូរទីកន្លែង ហើយផ្តាំអោយខ្ញុំទៅដែរ ខ្ញុំមិនចង់ទៅទេ ដោយនឹកឃើញថា នៅទីនោះ មិនមានសាលារៀនធម្មវិន័យ ឬសាលាបាលីទេ តែអ្នកដែលមកនិមន្ត លោកនោះថា មិនខ្វះសាលារៀនទេ សាលាធម្មវិន័យក៏មាន សាលាបាលីក៏មានដែរ ។ លុះស្អែកម៉ោងប្រ៤ព្រឹក ក៏ចេញដំណើរទៅ ហើយម៉ោងប្រហែលជាង១០ព្រឹក បានទៅដល់គោលដៅ ជីដូនជីតាខ្ញុំក៏យកខ្ញុំ ទៅផ្ញើរនិងវត្តលោកមួយ នៅលើភ្នំកំពីងពួយ ហើយអត់ ឃើញមាន សាលាធម្មវិន័យ ឬសាលាបាលីឡើយ ទើបដឹងថាគេកុហក់ខ្ញុំ តែមិនដឹងធ្វើម៉េច ក៏ចេះតែនៅៗទៅ ម្យ៉ាងមាមីងយាយតា ក៏នៅមិនឆ្ងាយប៉ុន្មាន ដែរ។ល។
ក្នុងព្រៃខ្មែរក្រហមបានបង្កើត ជាតំបន់រំដោះ ដែលមានភូមិឃុំស្រុកតំបន់ និងភូមិភាគ សំរាប់ប្រជាជន ដែលពួកគេរំដោះបានរស់នៅ ចំណែកព្រះសង្ឃ ក៏ខ្មែរក្រហម បានអនុញ្ញាត អោយមាន វត្តអារាមនៅតាម ភូមិឃុំរបស់គេ ជាធម្មតាដែរ ប្រជាជនអាចធ្វើបុណ្យទាន ជាមួយព្រះសង្ឃ ជាធម្មតា គឺព្រះសង្ឃ អាចនិមន្ត ទៅសូត្រមន្ត និងបិណ្ឌបាតតាមធម្មតា នៅតាមភូមិឃុំ ។ គេមានបង្កើត ជាក្រសួងធម្មការ សំរាប់គ្រប់គ្រងព្រះសង្ឃ ក្នុងវត្តនិមួយៗមានបង្កើតជា តំណាងព្រះសង្ឃ គឺប្រធានអនុប្រធាននិងសមាជិក សំរាប់ទទួលខុសត្រូវ ។ ក្នុងវត្តនិមួយៗអង្ការបាន ចែករទេះគោមួយ គោមួយនឹមនិង ធុងសាំងធំមួយ សំរាប់ដឹកទឹក ព្រះសង្ឃតែងតែបររទេះគោទៅដឹកទឹក ដោយព្រះអង្គឯងជាធម្មតា ដូចប្រជាជនឬគ្រហស្ថដែរ ព្រះសង្ឃអាចចូលទៅក្នុងព្រៃ ទៅរកបន្លែផ្លែឈើ សំរាប់ជាចង្ហាន់។ នៅពេលដែលមានធ្វើពិធីមេទិញធំៗ មន្រ្តីខ្មែរក្រហមតែងតែ និមន្តព្រះសង្ឃ ទៅធ្វើជាអធិបតីនៅក្នុងអង្គប្រជុំ ដោយនិមន្តព្រះសង្ឃសូត្រមន្ត ប្រសិទ្ធិពរជ័យជាធម្មតា ដើម្បីសំរាប់បង្ហាញទៅដល់ ប្រជាពលរដ្ឋខ្មែរទាំងមូល ថាខ្មែរក្រហមមានវត្តមានព្រះសង្ឃ សំរាប់ធ្វើបុណ្យជាធម្មតា ហើយពួកមន្ត្រី ខ្មែរក្រហម បានមកសូត្រធម៌ និងថ្វាយបង្គុំលោកជាធម្មតា។ នៅតាមវត្តនិមួយៗ គេបានអនុញ្ញាតអោយមាន អ្នកបួសជាព្រសង្ឃបានដែរ តែភាគច្រើនជាក្មេងៗ ។ល។ បញ្ហាសំខាន់ដែលព្រះសង្ឃប្រឈមមុខ គឺបញ្ហាខ្វះខាតចង្ហាន់ ស្បង់ចីពរ និងរបស់ របរប្រើប្រាសមិនគ្រប់គ្រាន់ និងសន្តិសុខជាបញ្ហាធំ ដោយយន្តហោះ តែងតែមកទម្លាក់គ្រាប់បែក ហើយនិងជម្ងឺគ្រប់យ៉ាង មានកើតកមរមាស់និង ជម្ងឺគ្រុនចាញ់ជាដើម។ល។ បើមានចម្ងល់ សូមសួរដោយសេរី ។ សូមអរគុណទុកជាមុន !