៧មករា១៩៧៩-តើខ្ញុំនៅទីណា? តើខ្ញុំបានធ្វើអ្វីខ្លះ? (ត្រូវនឹងថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំមមែ) ពេលនោះខ្ញុំជាកងទ័ព ការពារព្រុំដែនខ្មែរ-ថៃ ឈរជើងនៅចន្លោះប៉ៃលិននិងម៉ាល័យ នៅថ្ងៃនោះ ពួកខ្ញុំ មួយកងអនុសេនាធំ (ប្រហែល១០០នាក់) កំពុងតែនាំគ្នាធ្វើដំណើរ តម្រង់ឆ្ពោះទៅវាយ បន្ទាយទាហានថៃ (បន្ទាយឡែម) ដែលមានចម្ងាយប្រម៉ាណ តែ២-៣រយម៉ែត្រ ខាងលិចអូរព្រុំដែន។ ពេលនោះ ខ្ញុំមានសេចក្តី ព្រួយបារម្ភណាស់ ដោយសារខ្ញុំ ពុំដែលធ្លាប់បាន ទៅវាយនៅសមរភូមិ ណាទាល់តែសោះ ហើយរឿងហាត់ ក៏មិនបានហាត់ អោយបាន ច្រើនដែរដើរបណ្តើរ គិតបណ្តើរ កន្ទុយទើបតែផុតវាលចូលព្រៃ ហើយក្បាល ប្រហែលជា ជិតដល់អូរព្រុំដែនហើយ ក៏ស្រាប់តែឮសូរជើងសេះកុបៗ ខ្ញុំងាកមើលឃើញនារសាទេតើ ! គេក៏និយាយមករកខ្ញុំថាៈ បង! បងគាត់អោយនាំគ្នា ត្រឡប់ទៅវិញ! ខ្ញុំក៏អោយប្រាប់តៗទៅមុខ ហើយខ្ញុមក៏បែរក្បាល ត្រឡប់ក្រោយទាំងអស់គ្នា មកដល់ទីស្នាក់ការ កងវរៈសេនាតូច របស់កងខ្ញុំ បងស្នងការគាត់បានប្រាប់ថាៈ សភាពការណ៍ស្រុកទេសយើង អត់ស្រួលទេ! យួនវាយចូលជិតដល់ ក្រុងភ្នំពេញហើយ! រួចហើយក៏នាំគ្នា បើកវិទ្យុស្តាប់ ក៏ឮសម្លេងផ្សាយថា ពួកកងទ័ពរណសិរ្យ ចូលដល់ក្រុង ភ្នំពេញហើយ! នៅពេលដែលឮដូច្នោះ ម្នាក់ៗក៏ធ្លាក់ទឹកមុខជ្រុប ដោយអស់សង្ឃឹម ធ្វើទឹកមុខស្រងួត ស្រងាត់គ្រប់ៗគ្នា ។
បន្ទាប់មកមាន នារសា កងវរៈសេនាធំ មកហៅ មេកងវរៈសេនាតូច ទាំងអស់ នៅពេលនោះ បងស្នងការ កងវរ់ៈសេនាតូចខ្ញុំ គាត់ផ្តាំប្រាប់ខ្ញុំថាៈ មើលកូនចៅយើង ទាំងអស់គ្នាអោយស្រួលផង បងទៅជួបពេទ្យ ជួន-ជឿន នៅសាលាក្រៅ (ក្បែរប៉ៃលិន) ។ បន្ទាប់ ពីបានទៅជួបហើយ ក៏បានដាក់ផែនការណ៍ អោយដកយកកងទ័ព ការពារព្រុំដែនទាំងអស់ តែទុកអោយចាំកន្លែង មួយកន្លែងបីនាក់ៗ គឺមួយកង អនុសេនាតូច អោយទុកបីនាក់ចាំកន្លែង គឺទុកតែស្នងការកងម្នាក់ ក្នុងកងនិមួយៗ ក្រៅពីហ្នឹង អោយដកទាំងអស់ គឺមេបញ្ជាការនិងអនុបញ្ជាការ ការដកនោះគឺយកទៅ វាយទប់យួន នៅម្តុំភ្នំតាប្តេរ ក្បែរកកោះស្រុកមោងឫស្សី ។នៅពេល នោះ ខ្ញុំអត់បានទៅ វាយទប់យួន និងគេទេ គឺនៅចាំកន្លែង កន្លែង និមួយ ៗ ឆ្ងាយគ្នាណាស់ ប្រហែល ៥ គីឡូម៉ែត្រមួយ គឺស្ងាត់ច្រៀប រាងដូចជាកំសត់ដល់ហើយ ឮសូរតែកាំភ្លើងធំៗផ្លោង ល្ហើយៗ ឮសួរទៅខាង ស្វាយស៊ីសូផុន ហើយខ្ញុំតែងតែព្រួយជានិច្ច ដោយមិនដឹង ថាយួននឹង មកដល់ពេលណា ដោយព្រៃក្រាសពេក រកមើលគ្នាពីចម្ងាយមិនឃើញទេ ។
ប្រហែលជាពីរឬបី ថ្ងៃក្រោយមក នៅពេលព្រលឹម ប្រហែលជាម៉ោង៧-៨ព្រឹក ស្រាប់តែឮសូរជើងសេះ កុបៗ មកពីទិសខាងលិច ខ្ញុំក៏លបចាំមើល ទើបដឹងថាគ្នាឯងទេ គឺពេទ្យកងវរៈខ្ញុំ គាត់បានប្រាប់ខ្ញុំថា បងគាត់អោយដកពួកយើង ទាំងអស់គ្នា ទៅជួបគាត់ជាប្រញាប់ ខ្ញុំក៏នាំគ្នាយកអង្ករ ដែលនៅសល់ ទៅលាក់ក្នុងព្រៃទាំងអស់ អង្ករច្រើនដែរប្រហែលជិតម្ភៃបាវ រួចក៏នាំគ្នាទៅជួបជុំគ្នា នៅសាលាក្រៅ ហើយគេអោយទុកឥវ៉ាន់ មានសាក់កាដូជាដើម គឺយកតែកាំភ្លើងនិងគ្រាប់បានហើយ គឺបាននាំគ្នាទៅស្នាក់ នៅភូមិស្រែអន្ទាក់ ហើយជួបមេខ្ញុំនៅទីនោះ យប់នោះហើយ យើងបានរៀប ចំអង្គភាពថ្មី គឺយើង មានស្នងការ កងអនុសេនាធំ៣នាក់ ស្នងការកងអនុសេនាតូច៩នាក់ និងក្រៅពីនោះយុទ្ធជន សារុបទាំងអស់គ្នា មានប្រហែលជាជាង៣០នាក់ និងបានយកគ្រាប់ខ្លះ មកចែកបន្ថែមផង នៅក្រោមការដឹកនាំ របស់ស្នងការកងវរៈសេនាតូច (បងចន) ។ លុះម៉ោង ៤ព្រឹកនាំគ្នាក្រោកឡើង និងរៀបចំធ្វើដំណើរទៅតទល់ និងកងទ័ពយក្សណាម…។