កាលខ្ញុំនៅតូច នៅភូមិកំណើតរបស់ខ្ញុំ ខ្ញុំបានមើលទៅភូមិ ស្ទឹងត្រពាំងបឹងបួរ វាលស្រែ ទីវាលឃ្វាលគោក្របី និងភ្នំនានារបស់ខ្ញុំ ឃើញហាក់ដូចជា ធំទូលំទូលាយ ល្វឹងល្វើយ ឆ្ងាយៗពីគ្នា និងមានព្រៃព្រឹក្សា ដ៏ស្រស់បំព្រង គួរជាទីគយគន់ តែឥឡូវនេះ ទីកន្លែងទាំងអស់នោះ ក្លាយទៅជារួមតូច ស្រពាប់ស្រពោន រីងស្ងួតហួតហែង សោះកក្រោះ ស្ទឹងក្លាយជាអូ ត្រពាំងបឹងបួរ ក្លាយជាថ្លុក និងមនុស្សភាគច្រើន ជាចំណាកស្រុក ដែលយើងពុំដែលស្គាល់ សូម្បីតែភាសា និងទំនៀមទំលាប់ ក៏មិនដូចមុនដែរ ។ រីឯចំណែកភូមិគេផ្សេងៗ ក៏មិនខុសគ្នាដែរ មានគេមកបោះ បង្គោលយកដីធ្លីតាមចិត្ត មិនកោតក្រែង ម្ចាស់ស្រុកឡើយ កាលពីប៉ុន្មានអាទិត្យមុននេះ ឮសូរវិទ្យុនិងការសែតផ្សាយថា លោកឯកឧត្តម សម រាង្ស៊ី ស្ទុះទៅដកបង្គោល ទាំងនោះចេញ ពីលើដី ស្រែអ្នកស្រុក ដោយមិនបានសួរ រដ្ឋាភិបាលខ្មែរ ស្រាប់តែតំណាង រដ្ឋាភិបាលខ្មែរ ក៏ស្ទុះទៅអនុម័ត ដកបង្គោលអភ័យឯកសិទ្ធិ របស់លោក ឯកឧត្តម សម រាង្ស៊ី ចេញវិញដែរ អំពើទាំងអស់នេះ ដូចជាមិនប្រក្រតីឡើយ ។ តើរឿងទាំងអស់នេះ មកពីមូលហេតុអ្វីដែរ ?
រដ្ឋាភិបាលខ្មែរ មិនងាយជឿអ្នកណា ផ្តេសផ្តាសទេ សូម្បីតែរដ្ឋាភិបាល យក្សណាមក៏រដ្ឋាភិបាលខ្មែរ មិនរណបដែរ មិនព្រមទទួលខ្លួនថា ជាប្រទេសរណប យក្សណាមដែរ តែបែជាមករណបលោក ថាក់ស៊ិន្នាវត្រាទៅវិញ មិនព្រមអោយយក្សណាម ជាអ្នកអោយដម្បូន្មាន ផ្នែកសេដ្ឋកិច្ចទេ តែយកលោក ថាក់ស៊ិនទៅវិញ គួរចម្លែកអស្ចារ្យដែរ ខ្មែរមិនក្សត់ទេ អ្នកជំនាញការណ៍ ផ្នែកសេដ្ឋកិច្ច តែរដ្ឋាភិបាលខ្មែរមិនយកទេ មិនត្រឹមតែមិនយកទេ តាមឈ្នៀនិះផ្តលន្ទាទោសទៀត ។ តើរឿងទាំងអស់ នេះមកពីមូលហេតុអ្វីដែរ ?
ប្រទេសយក្សណាម ជាប្រទេសមួយ រីកចម្រើនលូតលាស់ យ៉ាងឆាប់រហ័យបំផុត ក្នុងចំណោម ប្រទេសអភិវឌ្ឍនានា លើពីភពលោក ឥឡូវនេះ មានលុយរាប់ពាន់ លានដុល្លា ទិញគ្រឿងសព្វាវុធ ឬគ្រឿងចម្បាំង ជាយន្តហោះនិងកប៉ាល់មុជទឹក ជាច្រើនគ្រឿងទៀតផង មកដើម្បីការពារ ប្រទេសរបស់គេ ប្រហែលជាខ្លាច ប្រទេសខ្មែរឈ្លានពាន ហើយ មើលទៅ ឬក៏សម្រាប់ឈ្លានពានគេទេដឹង ! ឥឡូវនេះឮសូរថា រដ្ឋាភិបាលយក្សណាម ខំរត់ខ្វែងជើងគ្នាទាក់ទង ប្រទេសមហាអំណាច មានអាមេរិក រូស្ស៊ី និងខ្មែរជាដើម បើតាមស្តាប់មើលទៅ ប្រទេសយក្សណាម ប្រហែលជាមាន គម្រោងការណ៍អីមួយ ធំដុំហើយមើលទៅ ប្រជាពលរដ្ឋខ្មែរយើង គួរតែប្រុងប្រៀបជើងព្រួល អោយមែនទែន ធ្វើម៉េចសន្សំមាសប្រាក់ លុយកាក់អោយ បានច្រើន ជាពិសេសត្រូវមាន បាយក្រៀម ឬបាយកាតាក អោយបានច្រើន តាមព្រៃពុំសូវមាន ផ្លែឈើច្រើនដូចមុនទេ …។ល។