ការប្រកាន់ពូជសាសន៍និងបក្សពួក នៅសម័យខ្មែរក្រហម ខ្ញុំជឿថាមិនមានឡើយ នេះបើតាមខ្ញុំដឹងនិងឃើញជាក់ស្តែង នៅក្នុងជួរកងទ័ព ដែលខ្ញុំបានចូលរួម ។ នៅកងខ្ញុំមានជនជាតិចំរុះ ចូលរួម ដូចជាចាម-ខ្មែរ សៀម-ខ្មែរ និងចិន-ខ្មែរ និងជនជាតិភាគតិច ដទៃទៀតផងដែរ គឺគ្មានការរើសអើងឡើយ យើងរស់នៅ ជាមួយគ្នា ដោយស្មើភាពគ្នា យ៉ាងល្អោកល្អឺន គឺគ្មានបញ្ហាអ្វីឡើយ ។ ការនិយាយ រឿង និងការនិយាយត្រាប់ គ្នាលែងវាមានមែន តែក្នុងការនិយាយលេងសើច តែប៉ុណ្ណោះ គឺយើងទាំងអស់រស់នៅ និងចូលរួមជាមួយគ្នា ជាធម្មតា បើពួកគេ ខំប្រឹងធ្វើការងារ មានគុណសម្បត្តិល្អ គេបោះឆ្នោត អោយធ្វើជាមេដឹកនាំ ទៀតផង ។ ខ្ញុំឆ្ងល់ណាស់ដែរ ឥឡូវនេះឮគេនិយាយថា ខ្មែរក្រហមប្រកាន់ ពូជសាសន៍ និងបក្សពួក និងសម្លាប់ច្រើនណាស់ កាលសម័យពួកគេ កាន់កាប់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ឬក្នុងកំឡុងឆ្នាំ១៩៧៥-៧៩នោះ។ តើរឿងទាំងអស់នេះ ជារឿងពិត ឬក៏ជារឿងប្រឌិត ខ្ញុំមិនយល់សោះ ។
សូមអស់លោកមេត្តា ជួយយករឿងជាក់ស្តែង មកពន្យល់ប្រាប់ អោយបានដឹង ច្បាស់ផងមើល ។ តើខ្មែរក្រហមប្រកាន់ពូជសាសន៍ និងបក្សពួកយ៉ាងម៉េច? គេយកទៅសម្លាប់យ៉ាងម៉េច? ខ្ញុំមិនដែលបានឃើញ មិនដែលបានឮនិងគេ សោះ? ខ្ញុំដូចជាមិនជឿទេ! ពាក្យគួរពុំគួរសូមអធ្យាស្រ័យផង។ សូមអរគុណទុកជាមុន!